ម៉ិកស៊ិក៖ តាមប្រភពព័ត៌មាន AP បានឲ្យដឹងថា អ្នកដំណើរនៅជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ Aeromexico មានការភ័យខ្លាចគ្រប់គ្នា ព្រោះមានពស់នៅលើយន្តហោះ ពេលកំពុងជិះនៅលើអាកាស។ នៅ ពេលដែលមានរឿងនេះកើតឡើង វាធ្វើឲ្យមហាជនគិតដល់ ភាពយន្តហូលីវូដល្បីមួយមានចំណងជើងថា “Snakes on a Plane” ឬ “ពស់នៅលើយន្តហោះ”។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ នៅពេលជើងហោះហើរខាងលើធ្វើដំណើរចេញពី Torreonនៅ ក្នុងប៉ែកខាងជើងនៃទីក្រុងម៉ិកស៊ិក។ អ្នកដំណើរបានឃើញពស់ពណ៌ខៀវមួយក្បាលប្រវែងប្រហែល ៣ហ្វីត (ប្រហែល១ម៉ែត្រ) ចេញពីពិដានកន្លែងដាក់ឥវ៉ាន់។

1បន្ទាប់ពីដឹងថាមានពស់បែបនេះ អ្នកបើកយន្តហោះបានសុំចុះចតជាបណ្តោះអាសន្ន នៅទីក្រុងម៉ិកស៊ិកដដែល រយៈពេល ១០នាទី ហើយឲ្យអ្នកដំណើរចេញពីយន្តហោះទៅក្រៅសិន ដើម្បីឲ្យក្រុមការងារចាប់សត្វពស់ ចេញ។

ក្រុមហ៊ុនអាកាសចរណ៍ Aeromexico រាយការណ៍ថា នឹងធ្វើការស៊ើបអង្កេតរកមើលថាតើពស់ហ្នឹងចូលក្នុង យន្តហោះ បានដោយរបៀបណា ហើយនឹងចាត់វិធានការតឹងរឹងដើម្បីកុំឲ្យមានរឿងអញ្ចឹងកើតឡើងទៀត៕