ដោយ ៖ ឈិត គឹមឆុន

ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ០៨:៤៧   (20-06-2016 08:47)

អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ផ្លែ​ប៊័រ (Avocado) អាច​ជា​អាវុធ​មួយ​ប្រយុទ្ធ​ប្រឆាំង នឹង​ភាព​ចាស់​ទៅ​តាម​អាយុ​និង​ជំងឺ​នានា​ក្នុង​រាង​កាយ ។ ប្រេង​ដែល​គេ​ចម្រាញ់​ពី​ផ្លែ​ឈើ​ប្រភេទ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ការ​ពិសោធ​ថា វា​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​(​ជា​ប្រភេទ​ម៉ូលេគុល​គ្រោះថ្នាក់​ម្យ៉ាង​នៅ​ក្នុង​ខ្លួន​មនុស្ស​) ។

មាន​សមាសធាតុ​គីមី​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ជា​ច្រើន​របស់​បន្លែ​និង​ផ្លែ​ឈើ​ដូច​ជា​ការ៉ុត​និង​ប៉េងប៉ោះ​ដែល​សុទ្ធតែ​អាច​កម្ទេច​ចោល​នូវ​រ៉ា​ឌី​កាល់​សេរី  ប៉ុន្តែ​ពួក​វា​ទាំងនេះ​មិន​អាច​ធ្វើ​ដំណើរ​ចូល​ក្នុង​កន្លែង​ផ្ទុក​កោសិកា mitochondria បាន​ទេ ។ មាន​តែ​សមាសធាតុ​គីមី​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ក្នុង​ផ្លែ​ប៊័រ​ប៉ុណ្ណោះ​ដែល​អាច​ចូល​ទៅ​បាន ។

ដើមប៊័រ
ដើមប៊័រ – Avocado Tree
ផ្លែប៊័រ - Avocado
ផ្លែប៊័រ – Avocado

លោក Christian Cortes-Rojo អ្នក​ស្រាវជ្រាវ​បាន​ថ្លែង​ថា បញ្ហា​គឺថា សមាសធាតុ​គីមី​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​នៅ​ក្នុង​ផ្លែ​ឈើ​ផ្សេង​មិន​អាច​ចូល​ក្នុង mitochondria បាន ។ ដូច្នេះ​រ៉ា​ឌី​កាល់​សេរី​បាន​បន្ត​បំផ្លាញ mitochondria ធ្វើ​ឱ្យ​ការ​ផលិត​ថាមពល​ត្រូវ​បញ្ឈប់​ហើយ​កោសិកា​ទាំងឡាយ​ក៏​ងាប់ ។

ចំណែក​ការ​សិក្សា​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ខែកុម្ភៈ​កន្លង​មក​បា​នរក​ឃើញ​ពី​អត្ថប្រយោជន៍​ផ្លែ​ប៊័រ​ផង​ដែរ ។ ពួក​គេ​ថា ផ្លែ​ប៊័រ​ជា​ពិសេស​ផ្លែ​ប៊័រ​ដាំ​នៅ​ប្រទេស​ស៊ី​លី មាន​សមាសធាតុ​ពី​ធម្មជាតិ​មួយ​ប្រភេទ​ដែល​អាច​ប្រឆាំង​ទៅ​នឹង​ជំងឺ​ស៊ាំ​នឹង​ថ្នាំ Antibiotics(antibiotic-resistant infections) បាន ។

សមាសធាតុ​ដែល​មាននៅ​ក្នុង​ផ្លែ​ប៊័រ​នេះ​អាច​ទប់ស្កាត់​ប្រភេទ​បាក់តេរី staphylococci មាន​ពណ៌​លឿង​មិន​ឱ្យទៅ​រំលាយ​ប្រសិទ្ធភាព​ថ្នាំ Antibiotics បាន ។ បាក់តេរី​ទាំង នេះ​ហើយ​ដែល​ជា​អ្នក​បង្ក​ឱ្យ​មាន​រោគ​ឆ្លង​នៅ​ក្នុង​ដំបៅ​ដែល​កើត​ពី​ការ​វះកាត់ ។ វា​បាន​បង្កើត​ជា​ភាពស៊ាំ​នៅ​ក្នុង​ខ្លួន​មនុស្ស​យ៉ាង​ឆាប់រហ័ស ។

លោក Jes Gitz Holler និស្សិត​វេជ្ជបណ្ឌិត​មក​ពី​សាកលវិទ្យាល័យ University of Copenhagen របស់​ដា​ណឺ​ម៉ាក​បាន​ធ្វើ​ការងារ​ពិសោធន៍​ស្រាវជ្រាវ​នេះ​ជាមួយ​មនុស្ស​មួយ​ចំនួន​នៅ​ប្រទេស​ស៊ី​លី ។ គាត់​បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​រក​ឃើញ​សារធាតុ​ពី​ធម្មជាតិ​មួយ​នៅ​ក្នុង​ផ្លែ​ប៊័រ​នៅ​ស៊ី​លី​ដែល​មាន​សកម្មភាព​សម្រាប់​ការ​ព្យាបាល ។ សមាសធាតុ​ពី​​ធម្មជាតិ​នេះ មាន​សក្តានុពល​យ៉ាង​អស្ចារ្យ​បំផុត ហើយ​ប្រហែលជា​ក្នុង​រយៈពេល​មួយ​វែង​ជាង​នេះ​យើង​នឹង​អាច​បង្កើត​បានជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ប្រភេទ​ដើម្បី​ប្រឆាំង​នឹង​បាក់តេរី staphylococci ។ តែ​ក្នុង​ពេល​នេះ​ពុំ​ទាន់​មាន​ផលិតផល​បែប​នេះ​នៅ​លើ​ទីផ្សារ​នៅឡើយ​ទេ​» ។

បា​តេ​រី staphylococci ឬ Staphylococcus ដែល​មាន​ពណ៌​លឿង​គឺជា​មូលហេតុ​បង្ក​ដ៏​សាមញ្ញ​បំផុត​នៃ​ការ​ឆ្លង​មេរោគ​ចំពោះ​ដំបៅ​ដែល​កើត​ក្រោយ​ពី​ការ​វះកាត់​រួច ។ បាក់​តេរី​​នេះ​ក៏​អាច​ជា​មូលហេតុ​បង្ក​ឱ្យទៅ​ជា​ជំងឺ​ច្រើន​ប្រភេទ​ដែល​កើត​ពីរ​បួស​និង​ការ​ពុល​អាហារ​ផង​ដែរ​ដែល​ជំងឺ​ទាំងនេះ​សុទ្ធតែ​អាច​ធ្វើ​ឱ្យ​ស្លាប់​បាន​-​តួយ៉ាង​ដូច​ជា ជំងឺ​រលាក​ភ្នាស់​ខាងក្នុង​របស់​បេះដូង (Endocarditis) និង​ជំងឺ​ដែល​បណ្តាល​មក​ពី​មេរោគ​ឆ្លង​រាលដាល​ក្នុង​ឈាម (Septicemia) ជាដើម ៕​

របៀបធ្វើទឹកក្រឡុកផ្លែប៊័រ  (ប្រភព៖ Kin Community)

 


កែច្នៃផ្លែប៊័រធ្វើជាម៉ាស់បិទមុខយ៉ាងងាយ
(ប្រភព៖ ehowbeauty)