មើមខ្ញីជាអាហារមួយប្រភេទដែលមនុស្សនិយមទទួលទានជាយូរលង់មកហើយ។ បើទោះជាមានរសជាតិមិនសូវឆ្ងាញ់ ប៉ុន្តែមើមខ្ញីត្រូវគេដឹងថា ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ។ ក្រៅពីសារធាតុរ៉ែម៉ង់កាណែសនិងរ៉ែទង់ដែង វាផ្ទុកទៅដោយវីតាមីនជាច្រើន ហើយដែលអ្វីទាំងអស់នេះមានសារសំខាន់បំផុតសម្រាប់ការបំពេញមុខងាររាងកាយ ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទឹកខ្ញីចំពោះសុខភាពអ្នកប្រើប្រាស់៖

មើមខ្ញី
មើមខ្ញី

១-ប្រឆាំងនឹងការរលាក ៖ ប្រសិទ្ធភាពមួយក្នុងចំណោមប្រសិទ្ធភាពជាច្រើនរបស់ទឹកខ្ញីគឺវាដើរតួជាភ្នាក់ងារប្រឆាំងនឹងការរលាកជាពិសេសការរលាកសន្លាក់ ។ ការសិក្សាពិសោធតាមបែបវិទ្យាសាស្ត្រមួយបានបង្ហាញថា អ្នកប្រើប្រាស់ទឹកខ្ញីប្រឈមតិចតួចនឹងជំងឺរលាកផ្សេងៗដ្បិតវាផ្ទុកទៅដោយសមាសធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយបង្កើនលំហូរឈាមថ្មីៗតាមរយៈការកម្ចាត់ចោលសមាសធាតុអាក្រក់ចេញពីរាងកាយ ។

២-ទប់ស្កាត់មហារីក ៖ មើមខ្ញីមានប្រសិទ្ធភាពសម្លាប់កោសិកាដែលបង្កឱ្យទៅជាជំងឺមហារីក ។ ការសិក្សាមួយបានបង្ហាញថា ពិសាមើមខ្ញីជួយបន្ថយល្បឿនលូតលាស់កោសិកាមហារីកសុដន់ ។

៣-ទប់ស្កាត់ដំណើរលើសឈាមភ្លាមៗ ៖ ខ្ញីដើរតួនាទីក្នុងនាមជាសារធាតុធ្វើឱ្យឈាមរាវ និងកាត់បន្ថយដំណើរលើសឈាមភ្លាមៗ ។ អ្នកអាចបន្តក់ទឹកឃ្មុំ២-៣តំណក់ដើម្បីសម្រួលដល់រសជាតិ ។

៤-ជួយជំរុញដល់ការរំលាយអាហារក្នុងរាងកាយ ៖ ពិសាទឹកខ្ញីជួយធ្វើឱ្យល្អប្រសើរដល់ការរំលាយអាហារ ក៏ព្រោះវាជួយបង្កើនល្បឿនចលនាអាហារចេញពីក្រពះទៅកាន់ពោះវៀន ។ បន្ថែមពីលើនេះ វាជួយសម្អាតរាល់សារធាតុពុលទាំងអស់ចេញពីរាងកាយ និងជួយព្យាបាលជំងឺពុលឡាន ។

៥-កាត់បន្ថយខ្លាញ់កូឡេស្តេរ៉ូល ៖ ទឹកខ្ញីមានប្រសិទ្ធខ្ពស់ក្នុងការកាត់បន្ថយខ្លាញ់កូឡេស្តេរ៉ូល។ វាជួយកម្ចាត់ចោលនូវរាល់វត្ថុដែលរាំងស្ទះលំហូររបស់ឈាមក្នុងសរសៃឈាម។

៦-ជួយព្យាបាលជំងឺផ្តាសាយ ៖ ខណៈវាផ្ទុកសមាសធាតុប្រឆាំងនឹងវីរុសព្រមទាំងពពួកផ្សិត  ខ្ញីត្រូវបានគេយកទៅធ្វើជាឱសថព្យាបាលជំងឺផ្តាសាយ ការក្អួតចង្អោរ និងគ្រុនក្តៅ ។

*វិធីធ្វើទឹកខ្ញី ៖
ចិតសម្បកនិងហាន់មើមខ្ញីជាដុំតូចៗ ចាក់ទឹកចូលបន្តិចរួចដាក់ក្នុងម៉ាស៊ីនក្រឡុក ។ បន្ទាប់ពីក្រឡុងសព្វ យកវាចេញហើយសង្កត់ពូតត្រងយកទឹកជាការស្រេច ។ ក្នុងករណីពិបាកទទួលទាន អ្នកអាចបន្ថែមស្ករបន្តិច ៕

ទឹកខ្ញី
ទឹកខ្ញី

នៅខាងក្រោមនេះមានវីដេអូបង្ហាញពីរបៀបធ្វើទឹកខ្ញី ជាមួយនិងទឹកក្តៅ សូមទស្សនាទាំងអស់គ្នា!